Lastest News and Events
ចេញ​ផ្សាយ​ ០១ វិច្ឆិកា ២០១៩ 56

ការធ្វើសវនកម្មផ្ទៃក្នុងឆ្នាំ២០១៩ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ៖ ចាប់ពីថ្ងៃចន្ទ ៨ រោច ខែអស្សុជ ដល់ថ្ងៃពុធ ៣កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១-៣០ ខែតុលា ឆ្នាំ២០១៩ ប្រតិភូសវនកម្មនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង...
ចេញ​ផ្សាយ​ ០១ វិច្ឆិកា ២០១៩ 54

កិច្ចប្រជុំ​ស្តីពី “ការរៀបចំផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២០”

នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃពុធ ៣កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ យោងតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥...
ចេញ​ផ្សាយ​ ១៦ តុលា ២០១៩ 34

វគ្គបណ្តុះបណ្តាលបន្តស្តីពី “ការស្វែងយល់វិធីសាស្រ្តតាមដានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត”

នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ ចាប់ពីថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃសុក្រ ៥រោច រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣...
ចេញ​ផ្សាយ​ ១៤ តុលា ២០១៩ 65

សកម្មភាពចុះបេសកកម្មនៅសាលាជាតិកសិកម្មព្រែកលៀប

សកម្មភាពចុះបេសកកម្មនៅសាលាជាតិកសិកម្មព្រែកលៀប និងអចលនទ្រព្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ សាលាជាតិកសិកម្មព្រែកលៀបក្នុងខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដឹកនាំដោយលោកស្រី...
Technical Videos
Technical Documents
Useful Documents
អំពីនាយកដ្ឋាន

ច្បាប់ស្ដីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ជំពូកទី៩ បាន​ចែង​​អំពីការបង្កើតសវនកម្មផ្ទៃក្នុង។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្កើត​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង តាម​រយៈ​អនុក្រឹត្យ​លេខ​១០៥ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០៥ និងបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាមប្រកាសលេខ១១៦ ប្រក.កសក.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ស្ដីពី​ការរៀបចំ និងការប្រព្រឹត្ដទៅរបស់ការិយាល័យចំណុះនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ប្រកាស​នេះ បានកំណត់នូវតួនាទី ភារកិច្ច សិទ្ធិ អំណាច និង​កាតព្វកិច្ច​របស់​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ជាពិសេសការអនុវត្តសវនកម្មផ្ទៃក្នុង​ដោយ​ឯករាជ្យ អនុលោមតាមស្តង់ដា និងក្រមសីលធម៌វិជ្ជាជីវៈសវនកម្ម​ផ្ទៃក្នុង​នៅក្នុងការពិនិត្យប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សវនដ្ឋាន និងផ្ដល់នូវការធានាភាព​សមស្របលើសមិទ្ធកម្ម នៃកម្មវត្ថុតាមបណ្ដាផ្នែក អំពី​ប្រសិទ្ធភាព​​នៃកិច្ចប្រតិបត្តិការ ភាពទទួលខុសត្រូវលើ​រ​បាយការណ៍ហិរញ្ញវត្ថុ និងភាពសមស្របតាម​បណ្ដាច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ នីតិវិធី និងការចាត់ចែង​ដែល​ត្រូវអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។​

មកដល់បច្ចុប្បន្ន នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានចុះធ្វើសវនកម្មលើអគ្គនាយកដ្ឋាន រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ នាយកដ្ឋាន​ថ្នាក់​កណ្ដាល និងមន្ទីរកសិកម្មរាជធានី ខេត្ត ជាច្រើនក្រោមឱវាទក្រសួងទៅតាម​ផែនការ​​សវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងតាមបញ្ជារបស់រដ្ឋមន្រ្តី។ ការធ្វើសវនកម្មបានផ្ដល់អនុសាសន៍ប្រកបដោយ​តម្លៃ​បន្ថែម ដើម្បីជួយកែលម្អដល់ដំណើរប្រតិបត្តិការរបស់សវនដ្ឋាន។

នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការិយាល័យចំណុះចំនួន៥ ៖
             ១- ការិយាល័យរដ្ឋបាល និងបុគ្គលិក
             ២- ការិយាល័យសវនកម្មទី១
             ៣- ការិយាល័យសវនកម្មទី២
             ៤- ការិយាល័យសវនកម្មទី៣
             ៥- ការិយាល័យសវនកម្មទី៤

ចក្ខុវិស័យ

ជាសវនកម្មផ្ទៃក្នុងអាជីពដែលមានសមត្ថភាពផ្ដល់សេវាសវនកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល​ ដែល​​អាចធានាជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  នូវរាល់ប្រតិបត្តិការប្រកបដោយតម្លាភាព​  ​​គណនេយ្យ​ភាព​ និរន្តរភាព និងធ្វើឲ្យក្រសួងសម្រេចបាននូវសមិទ្ធកម្មខ្ពស់។

បេសកកម្ម

  • ផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  នូវសេវាកម្មសវនកម្មមួយស្របតាមស្តង់ដារ ក្រមសីល​ធម៌​ វិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងអនុសាសន៍បន្ថែមតម្លៃដល់សវនដ្ឋាន
  • ជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យសម្រេចគោលបំណងរបស់ខ្លួន​តាមរយៈការផ្ដល់នូវការ​​ធានា​សមស្របមួយទាក់ទងនឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រតិបត្តិការ ការផ្ដល់ព័ត៌មានទាន់ពេលវេលា របាយការណ៍ហិរញ្ញវត្ថុដែលជឿទុកចិត្តបាន និងអនុលោមភាពទៅនឹងច្បាប់ និងបទដ្ឋានគតិយុត្តនានា
  • លើកកម្ពស់ស្មារតីអំពីការគ្រប់គ្រងផ្ទៃក្នុង បញ្ចេញគំនិតថ្មីៗ សុច្ចរិតភាព សត្យានុម័ត  និងក្រមសីលធម៌ក្នុង​ចំណោមថ្នាក់ដឹកនាំ និងមន្រ្តី  និងធានាឲ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់  បានប្រើប្រាស់ សង្គតិភាព និងបច្ចុប្បន្នភាព
  • ជួយថ្នាក់ដឹកនាំក្នុងការកាត់បន្ថយហានិភ័យ ពេលវេលា ថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយគុណភាព។

មុខងារ និងការទទួលខុសត្រូវ

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាអង្គភាពមួយចំណុះឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ច ដូចខាងក្រោម ៖

១. រៀបចំផែនការសកម្មភាពសវនកម្មប្រចាំឆ្នាំ ដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច។

២. ពិនិត្យឡើងវិញលើមុខងារ សកម្មភាពកិច្ចប្រតិបត្ដិការ និងកម្មវិធីរបស់អង្គភាពក្នុងការិយបរិច្ឆេទសមស្រប របស់ថ្នាក់ដឹកនាំ ក្នុង​ការអនុវត្ដ​ឱ្យ​បាន​ត្រឹម​ត្រូវ​លើការបង្កើតផែនការ ការតំរង់ទិសការចាត់ចែង និងការ ត្រួតពិនិត្យ ដោយផ្អែកតាមគោលការណ៍ណែនាំ គោលនយោបាយ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ឱ្យបាន ត្រឹមត្រូវតាមគោលដៅរបស់អង្គភាព។

៣. កំណត់នូវភាពសមស្របគ្រប់គ្រាន់ និងការផ្ដល់លទ្ធផលល្អលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ផ្នែកគណនេយ្យ រដ្ឋបាល និង​កិច្ច​ប្រតិ​បត្ដិការ​របស់​អង្គភាព។

៤. ពិនិត្យឡើងវិញនូវភាពដែលអាចជឿទុកចិត្ដបាន ភាពទាន់ពេលវេលា និងភាពច្បាស់លាស់នៃព័ត៌មាន ហិរញ្ញវត្ថុ និងកិច្ចប្រតិបត្ដិការ ព្រម​ទាំង​វិធី​សាស្ដ្រ​ដែលប្រើប្រាស់ ដើម្បីកំណត់អត្ដសញ្ញាណវាស់វែង ចំណាត់ថ្នាក់ និងរាយការណ៍អំពីព័ត៌មានទាំងនោះ។

៥. ពិនិត្យឡើងវិញលើប្រព័ន្ធដែលបានបង្កើត ដើម្បីធានាបានតាមគោលនយោបាយ ផែនការ នីតិវិធីច្បាប់ បទបញ្ជាទាំងឡាយណា ដែល​មាន​ឥទ្ធិពល​សំខាន់​លើកិច្ចប្រតិបត្ដិការ និងរបាយការណ៍។ ក្នុងករណី អង្គភាព​អនុវត្ដ​ពុំ​បាន​សម​ស្រប​ដូច​បាន​រៀបរាប់​ខាងលើ ចាំបាច់​សំណូមពរ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ និងកែលំអ។

៦. ពិនិត្យឡើងវិញលើការគ្រប់គ្រង ថែទាំ ការពារ និងផ្ទៀងផ្ទាត់ទ្រព្យសម្បត្ដិដែលមានឱ្យបានត្រឹមត្រូវ។

៧. វាយតម្លៃភាពសន្សំសំចៃ និងប្រសិទ្ធិភាពលើការប្រើប្រាស់ធនធាន និងកំណត់ការកែលំអលើការអនុវត្ដ កិច្ចប្រតិបត្ដិការ និងផ្ដល់អនុសាសន៍។

៨. ពិនិត្យឡើងវិញលើកិច្ចប្រតិបត្ដិការកម្មវិធី និងគម្រោងចំណាយមូលធន លើលទ្ធផលការងារវិជ្ជមាន ឬអវិជ្ជមានតាមគោលបំណង គោលដៅ​ដែល​បាន​ដាក់ចេញ និងតាមផែនការដែលបានកំណត់។

៩. ចូលរួមបង្កើតផែនការ ការអភិវឌ្ឍ ការអនុវត្ដ និងកិច្ចប្រតិបត្ដិការលើប្រព័ន្ធកុំព្យូទ័រសំខាន់ៗដើម្បីធានាឱ្យ ៖

             ក- តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​កំណត់​ច្បាស់លាស់។

             ខ- ការត្រួតពិនិត្យផ្ទៃក្នុងសមស្របត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ។

             គ- ការសាកល្បងនៃប្រព័ន្ធកុំព្យូទ័រត្រូវបានប្រព្រឺត្ដទៅក្នុងជំហានសមស្រប។

             ឃ- ការកត់ត្រាពីប្រព័ន្ធកុំព្យូទ័រត្រូវបានធ្វើពេញលេញ និងមានភាពត្រឹមត្រូវ។

១០. ធ្វើសវនកម្មលើប្រព័ន្ធកុំព្យូទ័រតាមការិយបរិច្ឆេទ និងធ្វើការវាយតម្លៃលើប្រព័ន្ធដំណើរការទិន្នន័យសំខាន់ៗ ក្រោយពេលតម្លើងរួច ដើម្បី​កំណត់​ប្រព័ន្ធ​ទាំង​នេះឆ្លើយតបតាមគោលបំណង និងគោលដៅ ដែលបាន គ្រោងទុក ហើយទទួលបានលទ្ធផលមានសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។

១១. ពិនិត្យឡើងវិញលើនីតិវិធី និងការអនុវត្ដដើម្បីធានាថា វិធានការត្រូវបានដាក់ចេញក្នុងគោលបំណង ការពារ ការកេងបន្លំ។ ប្រសិន​បើ​មាន​ការ​កេង​បន្លំ​កើតឡើង ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងអាចរកឃើញបានទាន់ពេលវេលា។

១២. ពិនិត្យឡើងវិញលើការអនុវត្ដ តាមគោលការណែនាំ និងការគ្របប់គ្រង របស់រាជរដ្ឋាភិបាល ស្ដីពី ឥរិយាបថ និងក្រមសីលធម៌ចំពោះមន្ដ្រីរាជការ។

១៣. សំរបសំរួលការងារសវនកម្មផ្ទៃក្នុង ជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីធានាទំហំការងារឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការងារស្ទួនគ្នា។

១៤. ធ្វើរបាយការណ៍ទៅរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវផ្ញើរបាយកាណ៍ និងសេចក្ដី សន្និដ្ឋាននៃការធ្វើសវនកម្មនេះ ទៅ​អាជ្ញាធរ​សវនកម្មជាតិស្ដីពី ៖

             ក- សកម្មភាពកែលំអតាមអនុសាសន៍សំខាន់ៗ របស់សវនកម្មផ្ទៃក្នុង

             ខ- សកម្មភាពសវនកម្មត្រូវបានផ្ដោតលើហានិភ័យ និងបង្កើតភាពសន្សំសំចៃប្រសិទ្ធិភាព និងការផ្ដល់ លទ្ធផលល្អក្នុងកិច្ចប្រតិបត្ដិការ។

             គ- សវនកម្មផ្ទៃក្នុងត្រូវធ្វើការសំរបសំរួលការងារជាមួយអាជ្ញធរសវនកម្មជាតិ ដើម្បីជៀសវាងការធ្វើ សវនកម្មស្ទួនគ្នា។ ក្នុង​ករណី​មាន​ភាព​មិន​ច្បាស់​​លាស់ អាជ្ញធរសវនកម្មជាតិអាចធ្វើការត្រួតពិនិត្យ និង​ធ្វើ​សវនកម្ម​សារ​ឡើង​វិញ។

             ឃ- ផែនការសវនកម្មផ្ទៃក្នុង ត្រូវមានភាពសមស្របច្បាស់លាស់ គ្រប់គ្រាន់។

             ង- បញ្ហារារាំងលើព័ត៌មាន និងបញ្ជី។

១៥. វាយតម្លៃផែនការ ឬសកម្មភាពកែលំអលើចំណុចរកឃើញរបស់សវនកម្មផ្ទៃក្នុង។ ប្រសិនបើសកម្មភាព កែលំអនេះ មិន​មាន​លក្ខណៈ​សម​ស្រប​ទេ​នោះ ត្រូវលើកយកមកពិភាក្សាបន្ដ ដើម្បីឱ្យសម្រេចបានតាម សំណូមពរដែលអាចទទួលយកបាន។

១៦. ផ្ដល់លទ្ធភាពសមស្របគ្រប់គ្រាន់ក្នុងការតាមដានសកម្មភាពកែលំអលើអនុសាសន៍។

១៧. ប្រធានសវនកម្មផ្ទៃក្នុងត្រូវរាយការណ៍ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំក្រសួង។

១៨. ធ្វើរបាយការណ៍ និងសេចក្ដីសន្និដ្ឋាននៃសវនកម្ម ផ្ញើជូនដល់អង្គភាពនីមួយៗ ក្រោមឱវាទក្រសួង ដែលទទួលបន្ទុកកែលំអតាមអនុសាសន៍។ សវនកម្មផ្ទៃក្នុងត្រូវបញ្ជូនរាល់របាយការណ៍ និងសេចក្ដីសន្និដ្ឋាន ទៅថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន។

១៩. អនុវត្ដរាល់ការងារ និងភារកិច្ចផ្សេងៗ ដែលក្រសួងប្រគល់ជូន។

 

ទំនាក់ទំនង
អាសយដ្ឋាន : លេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
អ៊ីមែល : audit.maff@gmail.com
ទូរស័ព្ទ : +855979998991
វែបសាយ : http://web.maff.gov.kh/department/internal-audit
ហ្វេសប៊ុក : http://www.facebook.com/នាយកដ្ឋានសវនកម្មផ្ទៃក្នុង កសក