វត្ដចំនួន៥៦វត្ដ នៅស្រុកត្រាំកក់ បានទទួលនូវទៀនព្រះវស្សា និងទេយ្យទានមួយចំនួនធំ ដែលនាំយកទៅប្រគេនដោយលោកស្រី សុខកែវ ច័ន្ទ សារុន ភរិយាឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា កន្លងទៅនេះ ។
វត្ដនីមួយៗបានទទួលទៀនវស្សា១គូ អង្ករ ប្រេងម៉ាហ្សូត ក្រឿងឧបភោគបរិភោគជាច្រើនមុខ និងបច្ច័យចំនួន១០ម៉ឺនរៀល ។ លោកស្រីក៏បានប្រគេនបច្ច័យចំនួនជាង១៨លានរៀល ដើម្បីចូលរួមកសាងព្រះវិហារថ្មីនៅវត្ដឯកឧត្ដមមានជ័យផងដែរ ។
មានប្រសាសន៏ក្នុងឱកាសនោះដែរ លោកស្រីបានលើកឡើងថា យើងបានជួបជុំគ្នាប្រារព្វពិធីប្រគេនទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាពេលនេះ គឺអាស្រ័យដោយប្រទេសជាតិទទួលបាននូវសុខសន្ដិភាពស្ថិរភាពនយោបាយដ៏ពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ ។
លោកស្រីក៏បានកោតសរសើរប្រគេនព្រះសង្ឃ ជូនចំពោះតាអាចារ្យវត្ដពុទ្ធបរិស័ទចំណុះជើងវត្ដ និងសប្បុរសជនជិតឆ្ងាយដែលបានខិតខំប្រឹងប្រែងក្នុងការស្ដារកសាងសមិទ្ធផលនានាក្នុងទីវត្ដអារាមទាំង៥៦វត្ដ ក្នុងស្រុកត្រាំកក់ឱ្យស័ក្ដិសមជាទីគោរពសក្ការបូជានៃពុទ្ធសាសនិកកម្ពុជាយើង ដូចនេះយើងត្រូវរួមគា្នថែរក្សាការពារសមិទ្ធផលលើវិស័យពុទ្ធចក្រនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់អនាគតកូនចៅជំនាន់ក្រោយៗទៀត ៕