ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខណៈនេះមានអនុវិទ្យាល័យ និងអគារសិក្សាផ្ទាល់របស់ខ្លួន។ គិតរហូតមកដល់ពេលនេះ ត្រាំកក់មានអនុវិទ្យាល័យចំនួន១១ និងវិទ្យាល័យចំនួន៧កន្លែង។ ការប្រកាសជាផ្លូវការអនុវិទ្យាល័យពោធិវន្ត័ បានធ្វើឡើង កាលពីពេលថ្មីៗនេះ ក្រោមការចូលរួមរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក james Lau ប្រធានក្រុមហ៊ុន VANNY ដែលជាម្ចាស់អំណោយ។
ការប្រកាសអនុវិទ្យាល័យនេះ ជាមួយនឹងការសម្ពោធអគារសិក្សាមួយខ្នង៦បន្ទប់ បន្ទប់អនាម័យចំនួន៤ ព្រមទាំងខ្លោងទ្វាសាលាផង។ សមិទ្ធនេះជាអំណោយ របស់ក្រុមហ៊ុន VANNY B10-RESEACH (Cambodia) CORP.Ltd. ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានជួយដល់វិស័យអប់រំនៅជនបទដែលនេះ ជាជំនួយមួយ ដ៏មានសារប្រយោជន៍ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ជំនួយនេះ ត្រូវបានកត់ត្រាជានិច្ច នៅក្នុងដួងចិត្តរបស់អ្នកត្រាំកក់ ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តជួយថែមទៀត ទាំងលើវីស័យអប់រំ ក៏ដូចជាវិស័យផ្សេងទៀត។
ស្រុកត្រាំកក់មាន ១៥ឃុំ រហូតមកដល់ពេលនេះ មានអនុវិទ្យាល័យចំនួន១១ និងវិទ្យាល័យចំនួន៧កន្លែង និងមាន ៣មហាវិទ្យាល័យ (ភាសាកសិកម្ម និងព័ត៌មានវិទ្យា)។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៌ថា ស្រុកត្រាំកក់នឹង សម្រេចបានមុនផែនការ ក្នុងការធ្វើឲ្យមានអនុវិទ្យាល័យគ្រប់ឃុំនាឆ្នាំ២០១១។ ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់អ្នកភូមិ លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួម អំពីសារសំខាន់នៃវិស័យអប់រំ។ អប់រំគឺជាគ្រឹះសម្រាប់ការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវសុំឲ្យមានការចូលរួមផងដែរពីមាតាមិតា អាណាព្យាបាល សហគមន៌ផងដែរក្នុងការ អប់រំកូនចៅការកសាងវិស័យអប់រំ៕