កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ស្ដីពីព្រៃឈើ អភិបាលកិច្ចព្រៃឈើ និងពាណិជ្ជកម្មផលិតផលព្រៃឈើត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញរយះពេលពីរថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ឧសភា ២០១០ ដោយមានមន្ដ្រីមកពីប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុបប្រមាណ១៥០នាក់ចូលរួម។ កិច្ចប្រជុំមានបំណងទប់ស្កាត់ការនាំចេញឈើនិងផលិតផលពីឈើខុសច្បាប់ទៅកាន់ប្រទេសសហគមន៏អឺរ៉ុប។
លោកច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៏ក្នុងពេលបើកកិច្ចប្រជុំថា សន្និសីទអាស៊ី-អឺរ៉ុបរយះពេលពីរថ្ងៃនេះ មានគោលបំណងប្រមូលផ្ដុំមតិយោបល់ ទស្សនាទានប្រកបដោយបញ្ញាញាណពីគ្រប់ភាគីទាំងអស់ដើម្បីបង្កើតឡើងដំណើរការ និងកម្មវិធីតំបន់ស្ដីពីការធ្វើពាណិជ្ជកម្មផលិតផលព្រៃឈើនិងអភិបាលកិច្ចព្រៃឈើដែល នឹងជួយជំរុញឱ្យមានការកើនឡើងនូវចំណាប់អារម្មណ៏លើការពង្រឹងការអនុវត្ដច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មក្នុងតំបន់អាស៊ី។
លោកច័ន្ទ សារុន បន្ដទៀតថា កម្ពុជាជាប្រទេសកសិកម្ម ដែលមានប្រជាជនជាង៨០ភាគរយរស់នៅតំបន់ជនបទ និងមានមុខរបរពឹងផ្អែកលើវិស័យកសិកម្ម។ ប្រទេសកម្ពុជាមានធនធានធម្មជាតិដីកសិកម្ម ព្រៃឈើ និងជលផលដែលអំណោយផលឱ្យវិស័យកសិកម្មដែលវិស័យនេះដើរតួនាទីសំខាន់បំផុត ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងធ្វើឱ្យមានលំនឹងជីវភាពសង្គម ជាពិសេសសន្ដិសុខស្បៀង និងផ្ដល់ការងារប្រមាណជិត៧០ភាគរយដល់ប្រជាពលរដ្ឋ។
យោងតាមសេចក្ដីប្រកាសពត៌មានរបស់សហគមន៏អឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថាកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) គឺជាបណ្ដាញពហុភាគីដ៏ធំមួយសំរាប់ប្រស្រ័យទាក់ទង និងពិភាក្សាគ្នារវាងអាស៊ី និងអឺរ៉ុបតាំងពីឆ្នាំ១៩៩៦មកម្លេះ។ ASEM មានការចូលរួមយ៉ាងធំពីសំណាក់ប្រទេសនៅអាស៊ី និងអឺរ៉ុប។ ដៃគូរ ASEM ចំនួន៤៥ជាក្រុមតំណាងនៃប្រទេសជាច្រើនប្រភេទដែលមានផលិតផលក្នុងស្រុកសរុបប្រហែលពាក់កណ្ដាលនៃផលិតផលក្នុងស្រុកសរុបរបស់សកលលោកទាំងមូលមានប្រជាជនជិត៦០ភាគរយនៃប្រជាជនសាកលលោកនិងមាន៦០ភាគរយនៃពាណិជ្ជកម្មសាកលលោក។
សហគមន៏អឺរ៉ុបបន្ដថា សន្និសីទ ASEM លើកទី៨នឹងរៀបចំនៅទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិច ថ្ងៃទី៤និង៥ តុលា២០១០ ។ក្នុងឱកាសសន្និសីទកំពូលនេះប្រទេសរុស្ស៊ី និងអូស្ដ្រលី នឹងចូលជាសមាជិកជាផ្លូវការរបស់ ASEM ។ អាស៊ី-អឺរ៉ុបមានប្រពៃណីនៃការគ្រប់គ្រងព្រៃឈើយូរអង្វែង ហើយទំហំនៃពាណិជ្ជកម្មនៃផលិតផលព្រៃឈើមានទ្រង់ទ្រាយធំក្នុងទិសដៅទ្វេទិស។
លោកឈៀង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ មានប្រសាសន៏ថា កិច្ចប្រជុំនេះមានបំណងទប់ស្កាត់ការនាំផលិតផលព្រៃឈើចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអឺរ៉ុបក៏ដូចជាប្រទេសក្នុងអាស៊ីដ៏ទៃទៀតដែរ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលបានបិទការនាំឈើចេញទាំងស្រុង និងបិទការធ្វើអាជីវកម្មឈើប៉ុន្ដែការពីជំនាន់រដ្ឋកម្ពុជាមានឈើនៅប្រទេសមួយតែពេលនេះមិនមានទៀតទេ។ កិច្ចប្រជុំធ្វើឡើងរាល់ឆ្នាំដោយម្ដងនៅប្រទេសអឺរ៉ុបនិងម្ដងនៅអាស៊ី។
លោកឈៀង គឹមស៊ុន បន្ដថា រដ្ឋាភិបាលបានបិទការនាំចេញឈើតាំងពីឆ្នាំ២០០១មក។ ឥឡូវនេះ យើងប្រើប្រាស់ព្រៃឈើដើម្បីកាត់បន្ថយជាតិកាបូនប្រឆាំងនឹងឧស្ម័នកាបូន។ កិច្ចប្រជុំនេះការពារការនាំឈើ និងផលិតផលឈើ និងសត្វព្រៃជាដើមតែពេលនេះបានផ្ដោតទៅលើការប្រែប្រួលអាកាសធាតុ។
លោកឈៀង គឹមស៊ុន បានបន្ដថា អាជ្ញាធរកំពុងតែបង្ក្រាបការបំផ្លាញព្រៃឈើ ក្រោយពេលសម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែនបានប្រកាស ដែលពេលនេះមានឈើប្រមាណ៦.០០០ម៉ែត្រគូបត្រូវចាប់បាន ហើយមានជនត្រូវចោទប្រកាន់១០០នាក់។ ពេលកន្លងមកមាន១០នាក់ ដែលបាចោទប្រកាន់ដោយព្រះរាជអាជ្ញានៃតុលាការ៕