រាជរដ្ឋាភិបាលកម្ពុជាដែលតំនាងដោយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ច័ន្ទ សារុន និងតំណាងក្រុមហ៊ុនក្នុងស្រុក និងមកពីបរទេសចំនួន៨ បានចុះហត្ថលេខាកាល ពីរសៀលថ្ងៃទី២៩ខែមករា កន្លងទៅនេះ លើកិច្ចសន្យាវិនិយោគដំណាំកសិ-ឧស្សាហកម្មដែលមានផ្ទៃ ដីសរុបប្រមាណជា៥ម៉ឺនហិចតា។ ការវិនិយោគនេះភាគច្រើនផ្តោតទៅលើដំណាំកៅស៊ូនៅខេត្តចំនួន៣ភាគឦសានប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម។ លោក ហុង ណារេត នាយខុទ្ធកាល័យរដ្ឋមន្ត្រីបានប្រាប់រស្មីកម្ពុជាថា ដោយបានទទួលនូវសិទ្ធិប្រទានពីប្រមុខរាជរដ្ឋាភិបាលជូនលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ទើបយើងរៀបចំនូវការចុះកិច្ចសន្យាជាផ្លូវការនោះឡើង។ ក្រុមហ៊ុនទាំង៨នេះបានទទួលនូវដីសម្បទានសេដ្ឋកិច្ចសំរាប់ធ្វើការវិនិយោគលើផ្ទៃដីជាង៥ម៉ឺន ហិចតា។ ក្រុមហ៊ុនទាំង៨គឺ មានក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ីចំនួន១ ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូងចំនួន១ ក្រុមហ៊ុនមកពីប្រទេសវៀតណាមចំនួន៤ និង ក្រុមហ៊ុនក្នុងស្រុកចំនួន។
តាមអ្វីដែលមាននៅក្នុងកិច្ចសន្យានោះត្រូវបាន លោកនាយកឲ្យដឹងថាក្រុមហ៊ុនមកពីម៉ាឡេស៊ីនឹងវិនិយោគលើដំណាំកៅស៊ូនិងកសិ-ឧស្សាហកម្ម លើផ្ទៃដីចំនួន៧.៨០០ហិចតានៅខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនកូរ៉េវិនិយោគលើដំណាំកៅស៊ូលើផ្ទៃដីចំនួន៦.៦០០ហិចតានៅខេត្តក្រចេះ។ ក្រុមហ៊ុនប្រទេសវៀតណាមវិនិយោគលើដំណាំកៅស៊ូ និងកសិ-ឧស្សាហកម្មចិញ្ចឹមសត្វ និងបង្កើតរោងចក្រកែច្នៃលើផ្ទៃដីចំនួន៦.៦០០ហិចតានៅខេត្តក្រចេះនិងរតនគិរី។ ក្រុមហ៊ុនក្នុងស្រុកវិនិយោគលើដំណាំកៅស៊ូនិងកសិ-ឧស្សាហកម្មលើផ្ទៃដីចំនួន១៦.៩០០ហិចតានៅខេត្តក្រចេះ។
ថ្លែងនៅក្នុងពិធីនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្មក្នុងនាមរាជរដ្ឋាភិបាលបានសម្តែងនូវការស្វាគមន៍ចំពោះការចូលរួមវិយោគរបស់វិនិយោគិនទាំងអស់ ទៅតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលចង់បាន។ លោកបានហៅការសំរេចចិត្តនិងការព្រមព្រៀងជាផ្លូវការជាមួយគ្នានាពេលនេះ គឺជាការចូលរួមប្រកបដោយផលប្រយោជន៍ទៅវិញទៅមក និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ចូលរួមកាត់បន្ថយភាពក្រីក្រ ការបង្កើតមុខរបរ និងផ្ទេរនូវបច្ចេកវិជ្ជាលើវិស័យកសិ-ឧស្សាហកម្មដល់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីបានរំលើកផងដែរដល់ បណ្តាក្រុមហ៊ុនទាំងអស់ដែលបានទទួលនូវសិទ្ធិនេះហើយត្រូវអនុវត្តឲបានទៅតាមកិច្ចសន្យា។ ជាមួយនេះក្រសួងក៏ត្រៀមខ្លួនជានិច្ច ដើម្បីសហការធានាឲដំណើរការវិនិយោគនេះទទួលបានលទ្ធផលល្អ៕