ជនពិការទាំងពីរនាក់ប្ដីប្រពន្ធ ដែលរស់នៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ក្នុងជីវភាពលំបាកលំបិន បានទទួលនូវអំណោយជាថវិការ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ពីឯកឧត្ដមបណ្ឌិត ច័ន្ទសារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលោកសេង វឿត នាយផ្នែករដ្ឋបាលព្រៃឈើសៀមរាបកាលពីពេលថ្មីៗនេះ។
មន្ដ្រីខុទ្ទកាល័យឯកឧត្ដមរដ្ឋមន្ដ្រីបានប្រាប់ថា បន្ទាប់ពីបានឃើញនូវការរាប់រៀបពីជីវិតដ៏សម្សត់របស់ជនពិការទាំងពីរនាក់ប្ដីប្រពន្ធ តាមរយៈទស្សនាវដ្ដីមួយកាលពីពេលថ្មីៗនេះ បានធ្វើឱ្យឯកឧត្ដមរដ្ឋមន្ដ្រី មានក្ដីអាណិតអាសូរជាខ្លាំង។ អំណោយទាំងនោះទោះបីជាមានចំនួយមិនច្រើនប៉ុន្មាន តែប្រាកដជាជួយសម្រាលការលំបាករបស់គ្រួសារមួយនេះបានមួយរយៈពេលដែរ។
អំណោយដែលជូនដល់គ្រួសារជនពិការនេះមានថវិការចំនួន១លានរៀល អង្ករ១០០គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី មី សាច់ក្រក ប្រហុក ប្រេងសណ្ដែក ធុងដា់ទឹក ត្រីងៀត ខោអាវ សារុង ត្រីខកំប៉ុង ស្ករស និងអំបិល ។ នៅចំពោះមុខលោកសេង វឿត ជនពិការទាំងពីរនាក់បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមរដ្ឋមន្ដ្រី និងលោកស្រី ព្រមទាំងមន្ដ្រីក្រុមការងារចុះផ្ទាល់ដែលមានចិត្ដអាណិតអាសូរដល់ពួកគេ ។ ទង្វើនេះ គឺជាគុណធម៌និងជាមនោសញ្ចេតនាមួយដែលពុំអាចបំភ្លេចបានឡើយ។
គួររំលឹកថា ជនពិការជាប្ដីឈ្មោះគិញ គឿយអាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះត្រិ គន់ អាយុ ២៤ឆ្នាំ ។ គិញ គឿន ជាអតីតកងយោធពលខេមរភូមិន្ទ ហើយបានរងរបួសដែលបណ្ដាលឱ្យដៃនិងជើងពុំអាចធ្វើអ្វីបាន ។ ចំណែកនាងត្រិ គត់ពិការជើងឆ្វេងតាំងពីតូចដោយសារជំងឺ។ពួកគេបានគ្នាជាប្ដីប្រពន្ធតាមរយៈការផ្សំផ្គំរបស់អ្នកភូមិ ។ ពួកគេមានកូនប្រុសម្នាក់អាយុ៤ឆ្នាំ ៕