លោករដ្ឋមន្ដ្រីក្រសួងកសិកម្មច័ន្ទ សារុន អញ្ជើញទៅពិនិត្យមើលរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន Greenfeed និងសំណេះសំណាលជាមួយអ្នកលក់ចំណីសត្វចិញ្ចឹមសត្វនិងបុគ្គលិកកម្មកររោងចក្រប្រមាណ១០០នាក់។
មន្ដ្រីខុទ្ទកាល័យលោករដ្ឋមន្ដ្រី បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី២៨ ខែឧភា នេះថានៅទីនោះ លោកប៉ូច សុរិទ្ធីនាយកក្រុមហ៊ុនបានជម្រាបជូនលោករដ្ឋមន្ដ្រី អំពីដំណើរការរោងចក្រផលិតផលទីផ្សារ និងគោលនយោបាយ។
លោកបានបញ្ជាក់ថា ចំណីសត្វនៅពេលនេះមានទីផ្សារល្អ ដោយសារប្រជាជន ចាប់ផ្ដើមចិញ្ចឹមសត្វឡើងវិញ ពិសេសជ្រូក។ ប៉ុន្ដែនៅត្រង់ថាតម្លៃនៅខ្ពស់បន្ដិច ដោយសារតែ វត្ថុធាតុដើមជាច្រើនត្រូវនាំចូល។ ចំណែកវត្ថុធាតុដើមដែលមានក្នុងស្រុក គឺមានដោយរដូវដែលជាបញ្ហាមួយកក្នុងការផលិត។
ចំពោះតម្លៃនៅខ្ពស់ គឺដោយសារមានឈ្មួញកណ្ដាលជាច្រើន ដឹកជញ្ជូនចំណាយផ្លូវការ និងការស្ដុកទុក។ បញ្ហាទាំងអស់នេះវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ផ្ទាល់។ មន្ដ្រីរូបនោះបន្ដទៀតថា ខណៈនោះលោករដ្ឋមន្ដ្រីបានកោតសរសើរដល់ក្រុមហ៊ុន ដែលបានចំណាយថវិការដើម្បីវិនិយោគលើវិស័យចំណីសត្វនៅកម្ពុជា។
លោកបានផ្ដល់ជាយោបល់ថា កន្លងមកផលិតផលដំឡូងឈើ ពោត របស់ខេត្ដកំពង់ចាម បានហូរចេញទៅក្រៅប្រទេសជាច្រើន ដូច្នេះក្រុមហ៊ុនគួរពិចារណាទិញស្ដុកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងស្នើសុំគោលការណ៏នាំចូល។ ទាំងក្រុមហ៊ុនទាំងអតិថិជន និងអ្នកចិញ្ចឹមចូលរួមគ្នាសហការ ដើម្បីទប់ស្កាត់នូវការលួចចំណីសត្វ និងបសុឱសថគ្រប់ប្រភេទដើម្បីការពាអត្ថប្រយោជន៏របស់ប្រជាកសិករ។
លោកបានបន្ដទៀតថា ទាំងក្រុមហ៊ុន និងអតិថិជនដែលមានអាជីពជាអ្នកលក់ចំណីសត្វ និងបសុឱសថត្រូវប្រកាន់យកនូវការប្រកួតប្រជែងដោយយុទ្ធត្ដិធម៌។ ចង់និយាយថាមិនបន្លំភ្នែកជញ្ជីង និងមិនក្លែងបន្លំគុណភាព និងជាពិសេសស្លាកសញ្ញា(label)។ ទាំងក្រុមហ៊ុនអតិថិជន និងអ្នកប្រើប្រាស់ ត្រូវតែឪស្សាហ៏ជួបប្រជុំគ្នាដើម្បីផ្សព្វផ្សាយបច្ចេកទេសដកស្រង់បទពិសោធន៏ និងទទួលយកនូវបញ្ហារបស់ប្រជាកសិករដើម្បីធ្វើការដោះស្រាយ។
ក្រុមហ៊ុនគួរតែមានកម្មវិធីទស្សនកិច្ចសិក្សាក្នុង និងក្រៅស្រុករៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ខ្លីៗធ្វើសិក្ខាសិលាផ្សព្វផ្សាយផលិតផលថ្មី ចៀសវាងប្រើប្រាស់ខុសគោលដៅជាពិសេសបសុឱសថ។
លោករដ្ឋមន្ដ្រីក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនត្រូវប្រកាន់យកនូវគោលការណ៏យ៉ាងសំខាន់ៗ គឺទី១គុណភាព ទី២-តម្លៃ និងទី៣-សេវាកម្ម។ គួររំលឹកថា ជំនួបនិងការចុះទៅពិនិត្យនៅរោងចក្រនោះបានធ្វើឡើងកាលពីដើមសប្ដាហ៏នេះ៕