ឯកឩត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាស់តឿនដល់មន្ត្រី ទទួលបន្ទុក និងដឹកនាំស្ថានីយកសិកម្មចំនួន៣ នៅខេត្តបាត់ដំបង ប្រើប្រាស់ធនធាន ដែលមានស្រាប់នេះ ឪ្យមានប្រសិទ្ធភាព និងរួមចំណែក អភិវឌ្ឍន៍វិស័យកសិកម្ម ។
កាលពីថ្ងៃទី ១១ ខែកញ្ញា ឯកឩត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយលោក ជាអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង និងមន្រ្តីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលបំរើការ ក្នុងស្ថានីយកសិកម្មបឹងរាំង ស្ថានីយកសិកម្មកំពីងពួយ និងស្ថានីយកសិកម្មទួលសំរោង និងមន្ត្រីរាជការមន្ទីកសិកម្មខេត្ត ។
ក្នុងការអញ្ជើញទៅទីនោះ ក្នុងបំណងតាមដានការងារ និងផ្តល់អនុសាសន៏ណែនាំមួយចំនួន ដើម្បីកែលំអរហេដ្ឋារចនាសម័្ពនរដ្ឋបាល និងបចេ្ចកទេស ធ្វើយ៉ាងណាអភិវឌ្ឍន៍ស្ថានីយទាំងអស់នេះ ឪ្យមានការរីកចំរើនក្នុងពេលអនាគត ។
នៅទីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ស្ថានីយទាំងអស់ មិនថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទី ឬរបស់អគ្គនាយកដ្ឋានកសិកម្ម ត្រូវតែខំស្តារហេដ្ឋារចនាសម័្ពន្ធ គ្រប់ផ្នែករបស់ស្ថានីយឡើងវិញ (ទឹក ភ្លើង អគារ ធ្វើការអនាម័យ សម្ភារៈ ការិយាល័យ មន្ទីពិសោធន៏) ធ្វើយ៉ាងណាអោយមានសកម្មភាពប្រកបដោយផ្លែផ្កា ។
គ្រប់ស្ថានីយត្រូវហាមទុកដីអោយនៅទំនេរ ត្រូវប្រើប្រាស់ដីដែលមានស្រាប់អោយអស់លទ្ធភាព យកស្ថានីយស្វែងរកចំនូលតាមរយៈស្ថានីយស្រាវជ្រាវ ធ្វើការបណ្តុះបណ្តាលបច្ចេកទេស បង្កាត់ពូជ ជ្រើសរើសពូជ ផលិតគ្រាប់ពូជ រៀបចំចងក្រងឯកសារដើម្បីផ្សព្ធផ្សាយ។ល។ និងជាពិសេស ស្ថានីយទួលសំរោង ដែលមានផ្ទៃដីដល់ទៅ ២៩០ ហិកតា ត្រូវប្រើប្រាស់ផ្ទៃដីនេះឪ្យអស់លទ្ធភាព ដើម្បីផលិតពូជស្រូវ ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងភូមិភាគនេះ ។
ឯកឩត្តមរដ្ឋមន្ត្រី បានបន្តទៀតថា មួយវិញទៀត ត្រូវធ្វើការស្រាវជ្រាវ ពីឩបករណ៍ពង្រោះស្រូវ ដើម្បីកាត់បន្ថយការប្រើប្រាស់ពូជច្រើន និងកែទម្លាប់របស់បងប្អូនប្រជាពលរដ្ឋក្នុងការព្រោះស្រូវ ។ ឯកឩត្តមរដ្ឋមន្ត្រី សូមឪ្យអនុលេខាធិការ ទទួលបន្ទុកខេត្តនេះ ឩស្សាហ៍ចុះតាមដានការងារអនុវត្តស្ថានីយឪ្យបានជាប់លាប់ ។
ឯកឩត្តមរដ្ឋមន្រ្តី រំលឹកទៀតថា គម្រោង ADB និង JICA នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះមន្ត្រីគ្រប់រូបត្រូវពង្រឹងសមត្ថភាព ដើម្បីរួមសហការការងារជាមួយអោយមានប្រសិទ្ធភាព រក្សាកិតិ្តយសក្នុងនាមខ្លួនជាម្ចាស់ផ្ទះ៕