អ្នកភូមិអណ្តោក ឃុំជើងភ្នំ ស្រុកបាភ្នំជាច្រើនរយនាក់ បានជួបជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រារព្ធនូវពិធីបុណ្យដារលាន ដែលជាទំនៀមទម្លាប់មួយ នៅក្រោយច្រូតកាត់រួច។ ក្នុងពិធីអឹកកធឹកនេះឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មានវត្តមានក្នុងពិធីនេះដែរ ជាមួយនិងលោកអភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីកសិកម្មជាច្រើនរូមទៀត។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ក្នុងថ្ងៃនេះក៏មានការចួលរួមយ៉ាងច្រើនកុះករ ពីសំណាក់អស់លោកប្រធានមន្ទីរកសិកម្ម គ្រប់ខេត្តក្រុងទាំងអស់ ទួទាំងប្រទេស ដើម្បីជាការដកពិសោធន៍ សម្រាប់អនុវត្តនៅមួលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា ស្រូវមានតួនាទីសំខាន់ ក្នុងការទ្រទ្រង់ដល់ការរស់រានមានជីវិត សម្រាប់ប្រជាពលរដ្ឋប្រមាណជិតពាក់កណ្តាល នៅក្នុងពិភពលោក និងស្មើរទាំងស្រុងនៅទ្វីអាស៊ី ។
តម្រូវការអង្ករក្នុងពិភពលោក នឹងកើនដល់៤៩៦លានតោន ក្នុងឆ្នាំ២០២០ និង៥៥៣លានតោន ក្នុងឆ្នាំ២០៣៥ គឺស្មើនឹង១៣ភាគរយ និង២៦ភាគរយ ច្រើនជាងឆ្នាំ២០១០ ដែលមានតែ៤៣៩លានតោន។ ដោយឡែកយោងតាមសក្តានុពល សម្រាប់បង្កើនផលិតផលស្រូវ របស់កម្ពុជា និងតម្រូវការអង្ករក្នុងពិភពលោករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថាអង្ករជាមាសសរបស់កម្ពុជា។
ស្ថិតក្នុងបរិការណ៍នេះ ដើម្បើប្រែក្លាយអង្ករឲ្យទៅជាមាសស ពិតប្រាកដកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១០ កន្លងមក សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យអនុវត្តនូវឯកសារគោលនយោបាយ ស្តីពីការជុំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលឯកសារនេះ បានគូសវាសផ្លូវយ៉ាងច្បាស់លាស់។
ទាក់ទិងទៅនឹងវិធានការបន្ទាន់ និងផ្តល់ផលភ្លាមៗ ដែលមានចែងក្នុងវិធានការពាក់ព័ន្ធ អំពីផលិតកម្មស្រូវ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការគោលនយោបាយជាច្រើន ដែលក្នុងចំណោមនោះ មានវិធានការគោលនយោបាយមួយ តម្រូវឲ្យក្រសួងកសិកម្ម កំណត់ប្រភេទពូជស្រូវសំខាន់ៗ ក្នុងស្រុកមួយចំនួន ដែលជាគោលដៅអាទិភាព ជំរុញផលិតកម្ម និងការផ្សព្វផ្សាយពូជ ឲ្យបានស្រេចបាច់ នៅមុនដំណាច់ឆ្នាំ២០១០ ធ្វើយ៉ាងណាឲ្យបាន៤លានតោន និងមានលទ្ធភាពនាំចេញអង្ករជាផ្លូវការ១លានតោននៅឆ្នាំ២០១៥។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តទៀតថា មកទល់នឹងពេលនេះយើងបាន ធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ដោយតម្រូវឲ្យគ្រប់នាយកដ្ឋានពាក់ព័ន្ធពិនិត្យ និងពិចារណាថា តើមានសកម្មភាពអ្វីខ្លះ ដែលនឹងត្រូវអនុវត្តបន្ត ហើយឆ្លើយតបនឹងទិសដៅគោលនយោបាយនេះ? តាមរយៈសេចក្តីជួនដំណឹងលេខ១១៤៦ សជណ កស ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១០ បានសម្រេច ឯកភាពគាំទ្រ លើពូជស្រូវចំនួន១០ប្រភេទ សម្រាប់ជំរុញការធ្វើផលិតកម្មដំណាំស្រូវឲ្យកាន់តែទទួល បាននូវទិន្នផលខ្ពស់ថែមទៀត ដែលរួមមានពូជស្រូវល្អ។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានសំណូមពរអោយមន្ទីរកសិកម្ម មន្ត្រីជំនាញកសិកម្ម ត្រូវចួលរួមផ្សព្វផ្សាយ និងណែនាំដល់កសិករ ក្នុងការការប្រើប្រាស់ពូជស្រូវទាំង១០ប្រភេទ និងមានប្រសិទ្ធភាពបំផុត។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបន្ថែមទៀតថា សូមឲ្យកសិករចាប់អារម្មណ៍ និងប្តូរទម្លាប់ចាស់ សម្រាប់កាលៈទេសៈថ្មីនេះផងដែរ។
នៅឆ្នាំ២០១០នេះ តាមកាវាយតំលៃជាបណ្តោះអាសន្ន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១០ កន្លងថ្មីៗនេះ ទិន្នផលស្រូវដែលបានទទួលបានក្នុងមួយហិកតា ក្នុងលំដាប់២,៩០៥តោន (គិតទាំងស្រូវប្រាំងនិងវស្សា) និងបរិមាណផលស្រូវសរុប រហូតដល់ ៧,៩៧លានតោន។ របាយការណ៍ បូកសរុបលទ្ធផលបញ្ចប់បណ្តោះអាសន្នការងារបង្កបង្កើនផលឆ្នាំង២០០៩-២០១០ ឲ្យឃើញថា ការបាន់ស្មានតុល្យភាពស្បៀង សម្រាប់ឆ្នាំ២០១០នេះសល់គិតជាអង្ករចំនួនប្រមាណ២,៤២លានតោន ហើយបើគិតជាស្រូវចំនួនប្រមាណជាង៣,៧៨លានតោន៕