លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅពិនិត្យការអនុវត្ដន៏កសិកម្មចម្រុះរបស់កសិករនៅស្រុកប្រាសាទបាគង និងក្រុងសៀមរាបនៅខេត្ដសៀមរាប ដែលជាផ្នែកមួយនៃសកម្មភាពលើកទឹកចិត្ដដល់កសិករ ដែលអនុវត្ដការធ្វើកសិកម្មបែបនេះនៅទីនោះ។
លោកច័ន្ទ សារុន រដ្ឋមន្ដ្រីកសិកម្មបានទៅពិនិត្យកសិកម្មចម្រុះរបស់កសិករនៅភូមិធ្លកចំបក់ ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ ប៊ូ កុកហ៊ូ នៅភូមិល្អកឃុំកណ្ដែកស្រុកប្រាសាទបាគង និងការចិញ្ចឹមមាន់របស់បងស្រី សុខ ឃីម នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប។
ការធ្វើកសិកម្មមានន័យថា ការប្រើប្រាស់ដីតែមួយ ដោយធ្វើកសិកម្មជាច្រើនមុចក្រៅពីដំណាំស្រូវ ដោយរួមទាំង ការចិញ្ចឹមសត្វ ចិញ្ចឹមត្រីផង។ការធ្វើកសិកម្មចម្រុះ គឺកសិករអាចអនុវត្ដលើផ្ទៃដីដែលមាននៅជុំវិញផ្ទះផងដែរ។
ខណៈនៃការចុះពិនិត្យនោះ លោករដ្ឋមន្រី្ដបានកោតសរសើរដល់កសិករប៊ូកុកហ៊ូដែលបានរើសយកបច្ចេកទេសបង្កាត់ជ្រូកដោយសិប្បនិម្មិតមកអនុវត្ត ហើយនេះគឺជាការផ្ដើមបង្កើនផលិតកម្មសត្វឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គងឱ្យទីផ្សារក្នុងស្រុក។លោករដ្ឋមន្រី្ដបានពន្យល់បន្ថែមពីគុណប្រយោជន៏នៃការបង្កាត់ពូជសិប្បនិមិ្មតនិងវិធីងាយៗមួយចំនួនដែលកសិករអាចធ្វើតាមរយៈនៃការសាកសួរបន្ថែមដល់អ្នកបច្ចេកទេស។
លោកបញ្ជាក់ថា ការបង្កាត់ពូជដោយសិប្បនិម្មិត គឺទី១-ចំណេញពេល និងកម្លាំងពលកម្ម ទី២-អត្រានៃការពាក់ជាប់ខ្ពស់ និងទី៣-កាត់បន្ថយជំងឺឆ្លង។លោកលើកទឹកចិត្ដថា គួរពង្រីកសេវាកម្មបន្ថែម។លោកបានលើកទឹកចិត្ដដល់កសិករដែលអនុវត្ដកសិកម្មចម្រុះថាដើម្បីបង្កើនចំណូលកសិករត្រូវតែផ្លាស់ប្ដូរទស្សនៈនិងឥរិយាបថក្នុងការធ្វើកសិកម្មដែលមានន័យថា មិនត្រូវធ្វើកសិកម្មតាមទម្លាប់ចាស់ដែលមិនមានការរីកចម្រើនដដែលៗធ្វើតៗគ្នា និងពឹងផ្អែកលើដំណាំស្រូវតែមួយមុខ ឬការធ្វើកសិកម្មតែមួយមុខ។ លោកបន្ដថា ត្រូវប្រើផ្ទៃដីដែលមានស្រាប់ឱ្យអស់លទ្ធភាព។
ការដាំបន្ថែមចិញ្ចឹមមាន់ត្រូវពង្រីកបន្ថែមទៀតដើម្បីធានាសន្ដិសុខស្បៀងក្នុងគ្រួសារនិងផ្គត់ផ្គង់ទីផ្សារ។មន្ទីរកសិម្មខេត្ដ ស្រុកត្រូវជួយជំរញការងារបណ្ដុះបណ្ដាលបន្ថែមទៀត។លោកបន្ដថា ការងារកសិកម្មចម្រុះដូចជាចិញ្ចឹមត្រី ដាំបន្លែ។ផ្ទះនីមួយៗត្រូវមានដួនពហុប្រយោជន៏។មន្រី្ដក៏ត្រូវជួយជំរុញកសិផលរបស់កសិករឱ្យដល់ទីផ្សារ នៅពេលនោះមានការប្រគួតប្រជែង គឺឈានដល់ការពង្រឹងគុណភាព៕